• លោក តឹក ប្រាថ្នា

    ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    ប្រាថ្នាមានបទពិសោធន៍ជាង ១៥ឆ្នាំ នៅ ធនាគារ អេស៊ីលីដា ចាប់ពីឆ្នាំ២០០៤ ដល់២០១៩ ដោយបានបម្រើការងារក្នុងតួនាទីជាច្រើនចាប់ផ្តើមពីមន្ត្រីឥណទាន (២០០៣–២០០៦) ជាគណនេយ្យករ (២០០៦–២០០៩) អនុប្រធានផ្នែកគណនេយ្យគ្រប់គ្រង (២០០៩–២០១២) និងប្រធានផ្នែកគណនេយ្យគ្រប់គ្រង (២០១២–២០១៣)។ ពីឆ្នាំ ២០១៣ ដល់ ២០១៨ ជាជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ ទទួលខុសត្រូវលើការងារផ្នែកគណនេយ្យគ្រប់គ្រង និងនៅឆ្នាំ ២០១៨ លោកត្រូវបានតែងតាំងជានាយកការិយាល័យគណនេយ្យគ្រប់គ្រង និងបានបន្តអភិវឌ្ឍអាជីពក្នុងតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ នៅ    ក្រុមហ៊ុន Ly Hour PayPro ចាប់ពីឆ្នាំ២០១៩ ដល់ ២០២០។

    ប្រាថ្នាបានចូលរួមជាមួយគ្រួសារ ប៊ែមប៊ូ ហ្វាយនែន នៅខែមករា ឆ្នាំ២០២១ ក្នុងតួនាទីជានាយកប្រតិបត្តិហិរញ្ញវត្ថុ ហើយត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅខែមករា ឆ្នាំ២០២៥ ដឹកនាំយុទ្ធសាស្ត្រហិរញ្ញវត្ថុ គ្រប់គ្រងលំហូរសាច់ប្រាក់ វិភាគលទ្ធផលហិរញ្ញវត្ថុ និងការស្វែងរកប្រភពមូលនិធិ ដើម្បីគាំទ្រការអភិវឌ្ឍអាជីវកម្ម    រយៈពេលវែង និងការរីកចម្រើនប្រកបដោយចីរភាព។
    លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០០៨ និងបរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញ ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០៣។ 

    លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការគ្រប់គ្រងហានិភ័យ (Risk Management: Basel II & III Accord) រៀបចំដោយ National Institute of Bank Management (NIBM) នៅរដ្ឋ Pune ប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៥ និងបានចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(CIFRS) និងស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។

  • លោកស្រី ព្រំ ឈាមន្ថា

    នាយិកាប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោកស្រី ព្រំ ឈាមន្ថា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក្នុងឆ្នាំ 2008 ហើយបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការផ្តល់ប្រាក់កម្ចីនិងសន្សំប្រាក់ក្នុងសហគមន៍ នៅធនាគារ Gramming Bank ប្រទេសបង់ក្លាដែសក្នុងឆ្នាំ 1996 និងផ្នែកផ្សេងទៀតទាក់ទងនឹងការគ្រប់គ្រងឥណទាន និងធនធានមនុស្ស។

    លោកស្រីមានបទពិសោធន៍ជាង 23ឆ្នាំ ទាក់ទងនឹងឥណទាន និងការគ្រប់គ្រងធនធានមនុស្សក្នុងពេលបម្រើការនៅធនាគារអេស៊ីលីដា ក្នុងមុខតំណែងជាច្រើនដូចជា មន្ត្រីឥណទានរយៈពេលបីខែ បេឡាធិការ រយៈពេលពីរឆ្នាំ ប្រធានការិយាល័យស្រុករយៈពេលប្រាំឆ្នាំ និងជានាយិកាសាខារយៈពេលជាង 16ឆ្នាំ។

    បន្ទាប់ពីចូលនិវត្តន៍ពីធនាគារអេស៊ីលីដា លោកស្រីបានបន្តដំណើរជាមួយ ប៊ែមប៊ូ ហ្វាយនែន ក្នុងខែកុម្ភៈ ឆ្នាំ2020 ក្នុងមុខងារជានាយិកាការិយាល័យធនធានមនុស្ស និងរដ្ឋបាល ទំនួលខុសត្រូវលើផែនការយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានមនុស្ស ជាពិសេសក្នុងការជ្រើសរើស ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល ដើម្បី ប្រសិទ្ធភាពការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

  • កញ្ញា ចាន់ ស្រីល័ក្ខ

    នាយិកាការិយាល័យហិរញ្ញវត្ថុជាន់ខ្ពស់

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    កញ្ញា ចាន់ ស្រីល័ក្ខ ជានាយិកាការិយាល័យហិរញ្ញវត្ថុជាន់ខ្ពស់ និងជាអ្នកវិភាគអាជីវកម្ម ដែលបានបង្ហាញឲ្យឃើញនូវភាពឧស្សាហ៍ព្យាយាម វិជ្ជាជីវៈនិងសមត្ថភាពដឹកនាំគួរឱ្យសរសើរ ក្នុងការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ ជាមួយបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ កញ្ញាបានដឹកនាំក្នុងការរៀបចំរាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ IFRS ធានាការអនុលោមតាមបទបញ្ញាតិនៃស្ថាប័ន ការគ្រប់គ្រងថវិកាប្រចាំឆ្នាំឲ្យមានប្រសិទ្ធភាពការគ្រប់គ្រងសាច់ប្រាក់ និងការវិភាគហិរញ្ញវត្ថុ។
    បន្ថែមលើសនេះ កញ្ញាក៏មានជំនាញជ្រៅជ្រះលើប្រព័ន្ធគណនេយ្យមីក្រូហិរញ្ញវត្ថុ ការកែលម្អលើប្រព័ន្ធ និងការទទួលខុសត្រូវក្នុងការរៀបចំការងារជាមួយសវនកម្មខាងក្រៅ។ ដើម្បីភាពជោគជ័យក្នុងការងារ កញ្ញាក៏មានការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍសមត្ថភាពក្រុមផងដែរ។ 
    កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រឯកទេសផ្នែកធនាគារ និងហិរញ្ញវត្ថុ ហើយកំពុងបន្ដការសិក្សា CAT Program ជាមួយនឹងការបណ្ដុះបណ្ដាលផ្នែកពន្ធដារ Advanced Excel និង គណនេយ្យធនាគារ។ ការរីកចម្រើនក្នុងអាជីពការងាររបស់កញ្ញា បានឆ្លុះបញ្ចាំងពីសមត្ថភាពដ៏ជ្រៅជ្រះក្នុងការប្រមូលផ្ដុំរបាយការណ៍ ការតាមដានឥណទាន ការគាំទ្រដល់សាខា ការអនុលោមពន្ធដារនិងការត្រួតពិនិត្យលើប្រតិបត្តិការ

  • លោក ប៊ុន សោភា

    នាយកប្រតិបត្តិឥណទាន

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    សោភា បានចូលរួមជាមួយគ្រួសារ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅខែតុលា ឆ្នាំ២០២០ ក្នុងតួនាទីនាយកសាខា ហើយត្រូវបានតែងតាំងជានាយកតំបន់នៅខែមីនា ឆ្នាំ២០២២។ នៅខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានតែងតាំងជានាយកប្រតិបត្តិឥណទាន ដឹកនាំយុទ្ធសាស្ត្រឥណទាន ដើម្បីជម្រុញការរីកចម្រើនអាជីវកម្ម។
    គាត់បានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យធនធានមនុស្ស ក្នុងឆ្នាំ ២០១២ និងមានបទពិសោធន៍ជាង ១១ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងបានបម្រើការងារក្នុងតួនាទីជាច្រើន ដូចជា មន្ត្រីឥណទាន នាយកតំបន់ អនុប្រធានសាខា ប្រធានសាខា និងប្រធានសាខាខេត្ត។
    តាមរយៈបទពិសោធន៍ និងការយល់ដឹងជ្រៅអំពីវិស័យមីក្រូហិរញ្ញវត្ថុ សោភា មានសមត្ថភាពដឹកនាំ និងជំរុញប្រតិបត្តិការឥណទានប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពជម្រុញការរីកចម្រើនអាជីវកម្មរបស់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។

    លោកមានបទពិសោធន៍វិជ្ជាជីវៈដ៏ទូលំទូលាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធី (CMA) ដែលផ្តោតលើការលើកស្ទួយសមត្ថភាពដឹកនាំផ្នែកគ្រប់គ្រងសាខា និងផ្នែកឥណទាន។ ការសិក្សា និងបទពិសោធន៍ដ៏ចម្រុះនេះ បានបញ្ជាក់ឲ្យឃើញពីការយល់ដឹងជ្រៅជ្រះរបស់លោកចំពោះស្ថានភាពទីផ្សារ ស្តង់ដារអាជីវកម្ម និងហានិភ័យឥណទាន។ ជាបុគ្គលដឹកនាំផ្នែកឥណទាន លោកមានសមត្ថភាពក្នុងការបញ្ជូនយុទ្ធសាស្ត្រដែលផ្អែកលើទិន្នន័យ និងវិភាគយ៉ាងជាក់លាក់ ដើម្បីជំរុញការសម្រេចបាននូវគោលដៅរបស់ស្ថាប័ន។ ចំពោះការគ្រប់គ្រងក្រុម លោកផ្តោតសំខាន់លើវប្បធម៌នៃការច្នៃប្រឌិត និងការចូលរួមរបស់បុគ្គលិក ដើម្បីអភិវឌ្ឍដំណោះស្រាយថ្មីៗក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងការផ្លាស់ប្ដូរផ្នែកឥណទាន។

  • លោក ត្រាវ សុខខេង

    នាយកប្រតិបត្តិគ្រប់គ្រងបំណុល

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    សុខខេង មានបទពិសោធន៍ជាង ១៦ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយបានបំពេញតួនាទីសំខាន់ៗជាច្រើនក្នុងអំឡុងអាជីពរបស់លោក។ ចាប់តាំងពីឆ្នាំ ២០០៨ ដល់ ២០១២ លោកបានបំពេញតួនាទីជាបុគ្គលិកឥណទាន និងបុគ្គលិកឥណទានកម្ចីមធ្យម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថកាសិករ។ បន្ទាប់មក លោកបានបន្តអាជីពនៅធនាគារ កម្ពុជា អាស៊ី ចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ ដោយចាប់ផ្តើមពីបុគ្គលិកឥណទានកម្ចីមធ្យម បុគ្គលិកឥណទានជាន់ខ្ពស់ រហូតដល់តំណែងជាអ្នកគ្រប់គ្រងឥណទានជាន់ខ្ពស់ ពីឆ្នាំ ២០១៦ ដល់ ២០១៩។ លោកបានបន្តអភិវឌ្ឍការងាររបស់ខ្លួននៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ក្នុងតួនាទីជានាយកសាខា នាយកសាខាជាន់ខ្ពស់ និងនាយកភតិសន្យាហិរញ្ញវត្ថុ។

    លោក បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែមេសា ឆ្នាំ ២០១៩ ក្នុងតួនាទីជានាយកការិយាល័យប្រតិបត្តិការ។ ដោយសារសមត្ថភាពផ្នែកយុទ្ធសាស្ត្រដែលអាចទុកចិត្តបាន លោកបានតម្លើងតំណែងជានាយកការិយាល័យដោះស្រាយបំណុល ក្នុងឆ្នាំ២០២០ និងបច្ចុប្បន្នត្រូវបានតែងតាំងជានាយកប្រតិបត្តិដោះស្រាយបំណុល ក្នុងខែសីហា ឆ្នាំ ២០២៣។
    លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យប៊ែលប្រាយ ក្នុងឆ្នាំ ២០០៧ និងពង្រឹងសមត្ថភាពបន្ថែមដោយបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០១៤។

    លោកមានបទពិសោធន៍វិជ្ជាជីវៈដ៏ទូលំទូលាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធី (CMA) ដែលផ្តោតលើការលើកស្ទួយសមត្ថភាពដឹកនាំផ្នែកគ្រប់គ្រងសាខា និងផ្នែកឥណទាន។ បទពិសោធន៍ចម្រុះនេះបានបំពាក់ឱ្យគាត់នូវការយល់ដឹងស៊ីជម្រៅអំពីឧស្សាហកម្ម ដែលអនុញ្ញាតឱ្យគាត់ជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅក្នុងក្រុម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងជំរុញការរីកចម្រើនរបស់ក្រុមហ៊ុន។

  • លោក ទេព សារិត

    ប្រធានសវនកម្មផ្ទៃក្នុង

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    ការអភិវឌ្ឍវិជ្ជាជីវៈរបស់ លោកសារិត រួមបញ្ចូលការចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដូចជា ការគ្រប់គ្រងប្រព័ន្ធសវនកម្មផ្ទៃក្នុង ការគ្រប់គ្រង និងភាពដឹកនាំ ជំនាញគណនេយ្យវិជ្ជាជីវៈ បូករួមទាំងវគ្គបណ្តុះបណ្តាលខាងច្បាប់និងបទប្បញ្ញត្តិទីផ្សារមូលបត្រ និងការអនុវត្តច្បាប់។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលស៊ីជម្រៅផ្នែកការគ្រប់គ្រង និងភាពដឹកនាំផ្នែកសវនកម្មផ្ទៃក្នុងផងដែរ។ លោកទទួលបានបទពិសោធន៍ជាច្រើនក្នុងតួនាទីផ្សេងៗ រួមមាន គណនេយ្យករ បុគ្គលិកឥណទាន ប្រធានភ្នាក់ងារប្រឹក្សាឥណទាន នាយកសាខា និងប្រធានសវនកម្មផ្ទៃក្នុង។ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៨ ដល់ ២០២០ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជាប្រធានក្រុមសវនកម្ម និងបន្តទទួលបានការឡើងតំណែងជាប្រធានសវនកម្មផ្ទៃក្នុង។ នៅឆ្នាំ ២០២០ លោកបានតែងតាំងជាប្រធានសវនកម្មផ្ទៃក្នុង ទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការសវនកម្ម និងធានាឲ្យមានការអនុលោមតាមបទប្បញ្ញត្តិនានា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ឯកទេសភាសាអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស ក្នុងឆ្នាំ ២០១៨ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម ពីសាកលវិទ្យាល័យភ្នំពេញ ក្នុងឆ្នាំ ២០១៤។

  • លោក ប៉ែន បូរាណ

    ប្រធានប្រតិបត្តិតាម

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    ដំណើរអាជីពការងាររបស់លោក ប៉ែន បូរាណ បានចាប់ផ្តើមនៅក្រសួងផែនការ ដោយបម្រើការជាបុគ្គលិកបញ្ចូលទិន្នន័យ និងប្រមូលទិន្នន័យ ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៧។ ក្នុងខែមេសា ឆ្នាំ ២០១៧ លោកបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដែលនៅទីនេះ លោកបានអភិវឌ្ឍអាជីពជាលំដាប់ក្នុងកិច្ចការប្រតិបត្តិតាម។ លោកបានចាប់ផ្តើមកិច្ចការដំបូងជាបុគ្គលិករដ្ឋបាល រហូតដល់ខែមេសា ឆ្នាំ ២០១៨ មុននឹងទទួលបានការតែងតាំងជាបុគ្គលិកសវនកម្មផ្ទៃក្នុង រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៨។ ចាប់ពីនោះមក លោកបានបន្តតួនាទីជាបុគ្គលិកប្រតិបត្តិតាមរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ មុនពេលលោកបានតម្លើងតំណែងជាបុគ្គលិកប្រតិបត្តិតាមជាន់ខ្ពស់ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២១។ ជាហូរហែរ លោកក៏បានទទួលការតែងតាំងជាប្រធានផ្នែកប្រតិបត្តិតាមចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ហើយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ មក លោកបានតម្លើងតំណែងជាប្រធានប្រតិបត្តិតាម ដែលដឹកនាំកិច្ចការប្រតិបត្តិតាមប្រកបដោយយុទ្ធសាស្ត្រគួរឲ្យកត់សម្គាល់។

    លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ២០១៤។ លោកក៏បានចូលរួមក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាច្រើននៅក្នុងកិច្ចការប្រឆាំងការលាងសម្អាតសាច់ប្រាក់ (Anti-Money Laundering) និងហិរញ្ញប្បទានភេរវកម្ម (CFT) ដោយទទួលបានសញ្ញាបត្រអប់រំពីវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅឆ្នាំ ២០១៨។ បន្ថែមពីនេះ លោកក៏បានបញ្ចប់កម្មវិធីអប់រំវិជ្ជាជីវៈក្នុងទីផ្សារមូលបត្រ និងទទួលបានសញ្ញាបត្រពី និយ័តករមូលបត្រកម្ពុជា នៅឆ្នាំ ២០២១ និង ២០២៣ ព្រមទាំងសញ្ញាបត្រផ្នែកអនុលោមភាពបទប្បញ្ញត្តិ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៩ និង ២០២៤។