ព្រឹត្តិការណ៍
01 August 2025
ការបរិច្ចាគទយ្យទានដល់បេក្ខសមណសិស្សប្រឡងធម្មវិន័យនៅវត្តព្រៃឆ្លាក់
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែឧសភា ឆ្នាំ២០២៦
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមេសា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី
វគ្គសិក្សា តួនាទី និងការទទួលខុសត្រូវ ក្នុងភាពជាអ្នកដឹកនាំ
ការបរិច្ចាគទយ្យទានដល់បេក្ខសមណសិស្សប្រឡងធម្មវិន័យនៅវត្តព្រៃឆ្លាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកអគ្គនាយក កែវ សុខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនុស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមឧបត្ថម្ភនិងប្រគេននូវទយ្យទាន ចង្ហាន់ ដល់វត្តព្រៃឆ្លាក់ ដែលត្រូវបានជ្រើសរើសជាមណ្ឌលប្រឡងដោយសាលាអនុគណក្រុងស្វាយរៀង សម្រាប់ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ឆ្នាំសិក្សា ២០២៥ - ២០២៦ ដែលមានទីតាំងស្ថិតនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ គណៈគ្រប់គ្រង និងក្រុមការងារនៃគ្រឹះស្ថានបាននាំយកជាថវិកាចំនួន ៦ ០០០ ០០០ រៀល និងទឹកសុទ្ធចំនួន ៣០កេស ប្រគេនជូនព្រះចៅអធិការវត្តព្រៃឆ្លាក់ ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ការរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស គណៈមេប្រយោគ ព្រះឧទ្ទេសាចារ្យ គ្រូបង្រៀន និងព្រះអនុរក្ស ប្រមាណជា ៤០០អង្គ/នាក់ ដែលនិមន្តមកពីបណ្តា ក្រុង/ស្រុក ឆ្ងាយៗ ក្នុងពេលប្រឡង និងរក្សាបាននូវគុណភាពអប់រំតាមបែបព្រះពុទ្ធសាសនាដែលមានតាំងពីបុរាណកាលមក។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការគាំទ្រព្រះពុទ្ធសាសនា សាសនារបស់រដ្ឋនិងការថែរក្សាប្រពៃណីវប្បធម៌ ។
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយ កែវ សុខា និង លោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។ ក្នុងកិច្ចប្រជុំ អ្នកចូលរួមបានបង្ហាញរបាយការណ៍សមិទ្ធផលការងារលម្អិត ចែករំលែកចំណុចសំខាន់ៗនៃប្រតិបត្តិការ និងធ្វើការពិភាក្សាស្ថាបនា ដើម្បីកំណត់បញ្ហាប្រឈម និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងធានាឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ គ្រឹះស្ថានមានកិត្តិយសទទួលបានការចូលរួម និងចែករំលែកចំណេះដឹងពី លោកគ្រូ នឹម ឈុន្នី លើប្រធានបទ "ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ" ដេីម្បីរួមចំណែលេីកកម្ពស់ក្រមសីធម៌ និងប្រសិទ្ធភាពការងារ។
វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែឧសភា ឆ្នាំ២០២៦
ភ្នំពេញ៖ នាថ្ងៃទី១៩ ២០ ខែឧសភា ឆ្នាំ២០២៦ គ្រឹះស្ថានបានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ ខាងលើនេះគឺផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុវិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ។ ក្នុងកិច្ចប្រជុំ អ្នកចូលរួមបានបង្ហាញរបាយការណ៍សមិទ្ធផលការងារលម្អិត ចែករំលែកចំណុចសំខាន់ៗនៃប្រតិបត្តិការ និងធ្វើការពិភាក្សាស្ថាបនា ដើម្បីកំណត់បញ្ហាប្រឈម និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងធានាឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដោយមានគោលបំណងបូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំត្រីមាសកន្លងមក ព្រមទាំងពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រនានា និងដាក់ចេញទិសដៅអភិវឌ្ឍន៍សម្រាប់ត្រីមាសបន្ទាប់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក និងសមាជិកាក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ព្រមទាំងគណៈកម្មការប្រតិបត្តិរបស់គ្រឹះស្ថាន ដែលបានរួមចំណែកផ្តល់មតិយោបល់ និងយោបល់យុទ្ធសាស្ត្រយ៉ាងសម្បូរបែប។ ក្នុងអង្គប្រជុំ អ្នកចូលរួមបានពិភាក្សាយ៉ាងស៊ីជម្រៅលើសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងត្រីមាសទី១ រួមទាំងការវិភាគលើសូចនាករប្រតិបត្តិការ ស្ថានភាពទីផ្សារ និងហានិភ័យពាក់ព័ន្ធ។ ជាមួយគ្នានេះ ក៏បានលើកឡើងពីបញ្ហាប្រឈមដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តការងារ និងបានពិភាក្សារកដំណោះស្រាយសមស្រប ដើម្បីបន្តធានាបាននូវស្ថិរភាព និងកំណើនប្រកបដោយចីរភាព។ លើសពីនេះ ក្រុមប្រឹក្សាភិបាលបានផ្តល់អនុសាសន៍យុទ្ធសាស្ត្រសំខាន់ៗដល់ថ្នាក់គ្រប់គ្រង ដោយផ្តោតលើការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យយ៉ាងតឹងរឹង ការបង្កើនគុណភាពសេវាកម្ម និងការលើកកម្ពស់បទពិសោធន៍អតិថិជន។ ទិសដៅទាំងនេះមានគោលបំណងធានាឲ្យគ្រឹះស្ថានអាចផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមស្តង់ដារវិស័យ និងតម្រូវការរបស់អតិថិជន។
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមេសា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំគណៈគ្រប់គ្រងប្រចាំខែមេសា ឆ្នាំ២០២៦ របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី រាជធានីភ្នំពេញ៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកិច្ចប្រជុំគណៈគ្រប់គ្រងប្រចាំខែ ដើម្បីបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ត្រីមាសបន្ទាប់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧកញ៉ា លឹម សុជាតិ តំណាងភាគទុនិក និងជាអភិបាលប្រតិបត្តិ និងលោក កែវ សុខា អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្ត្រីបង្គោលតាមបណ្តាសាខាទាំងអស់។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំ គណៈគ្រប់គ្រងបានធ្វើការវាយតម្លៃយ៉ាងលម្អិតលើរបាយការណ៍សមិទ្ធផលការងារប្រចាំខែ ដោយផ្តោតសំខាន់លើចំណុចគន្លឹះៗរួមមាន៖ • ការពិភាក្សាស៊ីជម្រៅតាមភូមិភាគ៖ ការបែងចែកក្រុមពិភាក្សាដើម្បីវិភាគលើបញ្ហាប្រឈមជាក់ស្តែង និងការស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍។ • ការពង្រឹងអភិបាលកិច្ចហានិភ័យ៖ ការរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យឥណទានឱ្យកាន់តែមានប្រសិទ្ធភាព។ • ការជំរុញកំណើនអាជីវកម្ម៖ ការកំណត់សកម្មភាពអាទិភាពដើម្បីពង្រីកវិសាលភាពឥណទាន និងលើកកម្ពស់គុណភាពសេវាកម្មអតិថិជន។ កិច្ចប្រជុំបានបញ្ចប់ដោយការឯកភាពខ្ពស់លើផែនការសកម្មភាពអាទិភាព ដែលសំដៅពង្រឹងភាពធន់នៃប្រតិបត្តិការហិរញ្ញវត្ថុ និងការត្រៀមលក្ខណៈឆ្លើយតបទៅនឹងការប្រែប្រួលនៃទីផ្សារ។ ជារួម កិច្ចប្រជុំនេះគឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងការអនុវត្តអភិបាលកិច្ចល្អ និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាជូនដល់អតិថិជន ដៃគូសហការ និងរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជា។
កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅការិយាល័យកណ្តាល ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើមគ្រឹះស្ថានបាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ លើករាសី សូមពរជ័យសិរីសួស្តី សុភមង្គល និងសេចក្តីចម្រើនគ្រប់ប្រការ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ បន្ទាប់ពីកម្មវិធីសូត្រមន្ត ប្រោះព្រំលើករាសីបានបញ្ចប់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់បានចូលរួមរាំលេងកម្សាន្ត តាមចង្វាក់ភ្លេងប្រពៃណីខ្មែរ រួមទាំងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជា៖ លាក់កន្សែង ចោលឈូង ដណ្តើមស្លឹកឈើ បោះអង្គញ់ និងវាយក្អម ក្នុងបរិយាកាសសប្បាយរីករាយ និងពង្រឹងចំណងសាមគ្គីភាពក្នុងគ្រឹះស្ថានបន្ថែមទៀត ។ បន្ទាប់ពីការលេងកម្សាន្តបែបប្រជាប្រិយខ្មែរ គ្រឹះស្ថានក៏បានរៀបចំអាហារសាមគ្គីដ៏ឆ្ងាញ់ពិសា ជូនថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់បានពិសាជួបជុំគ្នាជាគ្រួសារតែមួយ ពោរពេញដោយភាពកក់ក្តៅ និងភាពស្និទ្ធស្នាល ។ គ្រឹះស្ថាន សូមគោរពជូនពរដល់ អតិថិជនជាទីគោរព ដៃគូសហការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងវឌ្ឍនភាពគ្រប់ក្រុមគ្រួសារ ។ សូមឆ្នាំថ្មីនេះ នាំមកនូវសំណាងល្អ និងភាពចម្រើនវឌ្ឍនភាពជានិច្ចនិរន្តរ៍។ ទេវតាសូមឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ នាំមកនូវសេចក្តីសុខ និងសំណាងដ៏ប្រសើរ គ្រប់ៗគ្នា!
វគ្គសិក្សា តួនាទី និងការទទួលខុសត្រូវ ក្នុងភាពជាអ្នកដឹកនាំ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបំពាក់បំប៉នស្តីពី «តួនាទី និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់អ្នកគ្រប់គ្រងជួរមុខ ។ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ — ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងធានាការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថានបានល្អប្រសើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក រៀបចំវគ្គបំពាក់បំប៉នកម្រិតខ្ពស់ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ»។ វគ្គនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកគ្រប់គ្រងជួរមុខដែលជាប្រធានផ្នែក និងប្រធានក្រុម ហើយក៏ជាអ្នកគ្រប់គ្រងនៅជិតបំផុតជាមួយបុគ្គលិកប្រតិបត្តិការ និងបុគ្គលិកនៅនាយកដ្ឋានផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំក្រុមប្រចាំថ្ងៃ គ្រប់គ្រងលទ្ធផលការងារ និងជំរុញវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សកម្មភាពសំខាន់ៗក្នុងវគ្គបំពាក់បំប៉ន ជាកិច្ចចាប់ផ្តើម លោក អឿន ស៊ីឡែន អគ្គនាយករង បានអញ្ជើញបើកវគ្គជាផ្លូវការដោយផ្តល់ការលើកទឹកចិត្ត និងសារសំខាន់នៃតួនាទីអ្នកគ្រប់គ្រងជួរមុខក្នុងការជំរុញកំណើនរបស់គ្រឹះស្ថាន។ គ្រឹះស្ថានមានកិត្តិយសដែល ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ ហោ ប៊ុនឡេង បានអញ្ជើញជាវាគ្មិន ដោយចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទនេះ។ ជាកិច្ចបញ្ចប់វគ្គ លោកអគ្គនាយក កែវ សុខា បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងជួរមុខ ត្រូវរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ ស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះជំនាញទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិវិធីរបស់គ្រឹះស្ថាន ដើម្បីធ្វើឲ្យមានសមិទ្ធិផលការងារកាន់តែប្រសើរ និងរីកចម្រើនទៅមុខរួមគ្នា ។ ខ្លឹមសារគន្លឹះដែលអ្នកគ្រប់គ្រងជួរមុខបានទទួល តាមរយៈវគ្គនេះ សិក្ខាកាមបានបង្កើនជំនាញសំខាន់ៗសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកគ្រប់គ្រងជួរមុខ រួមមាន៖ • យុទ្ធសាស្ត្ររៀបចំផែនការ និងការគ្រប់គ្រងការងារប្រចាំថ្ងៃ៖ កំណត់ផែនការច្បាស់លាស់ កំណត់គោលដៅក្រុម និងតម្រូវការធនធានដើម្បីសម្រេចបាននូវគោលដៅរួមរបស់គ្រឹះស្ថាន។ • សិល្បៈនៃការដឹកនាំក្រុម៖ ជំរុញទឹកចិត្តបុគ្គលិក ពង្រឹងទំនាក់ទំនង កសាងស្មារតីសហការក្នុងក្រុម និងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។ • ការអភិវឌ្ឍធនធានមនុស្ស៖ បណ្តុះបណ្តាលបន្ត ផ្តល់ការណែនាំ និងឱកាសអភិវឌ្ឍជំនាញដល់បុគ្គលិកក្រោមឱវាទ ដើម្បីបង្កើនសមត្ថភាព និងការរក្សាបុគ្គលិក។ • ការគ្រប់គ្រងលទ្ធផល និងការតាមដាន៖ បច្ចេកទេសត្រួតពិនិត្យការងារ វាយតម្លៃប្រសិទ្ធភាព ផ្តល់មតិកែលម្អស្ថាបនា និងធានាការគ្រប់គ្រងហានិភ័យក្នុងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ។ • ការដោះស្រាយបញ្ហា និងការគ្រប់គ្រងហានិភ័យ៖ វិធីសាស្ត្រដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសាខា ឬក្រុម ដើម្បីរក្សាស្ថិរភាព និងគុណភាពសេវាកម្ម។ ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបំពាក់បំប៉នជូនសិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទនភាព។ ការវិនិយោគលើធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងជួរមុខ គឺជាអាទិភាពចម្បងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ។ យើងជឿជាក់ថា អ្នកគ្រប់គ្រងជួរមុខដែលមានសមត្ថភាពខ្លាំង នឹងជាគន្លឹះសំខាន់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងផ្តល់ផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។

