ក្នុងឱកាសនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី  សូមជូនពរដល់បងប្អូនទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្ដីចម្រើន ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីគាំទ្រសកម្មភាពសង្គមដល់សាលាបឋមសិក្សា ត្រពាំងកោះ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បួង ស្រុកត្រាំកក់ ខេត្តតាកែវ ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងជម្រុញឲ្យសិស្សានុសិស្សទទួលបានឱកាសអប់រំប្រកបដោយគុណភាព តាមរយៈការផ្ដល់សម្ភារសិក្សាមានដូចជាកាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្សចំនួន ៣១៥នាក់ ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញ ។ បន្ថែមលើសនេះ គ្រឹះស្ថានក៏បានឧបត្ថម្ភដល់សាលារៀននូវបរិក្ខារមួយចំនួនដូចជាក្តារខៀន​ហ្វឺត កម្រាលដាក់ក្នុងបណ្ណាល័យ កង្ហារជាប់ជញ្ជាំង អំពូលភ្លើង ស្លាកបន្ទប់រៀន ធុងសម្រាម រនាំងចរាចរណ៍ និងថ្មមិច ដើម្បីទ្រទ្រង់ដល់ដំណើរការសាលារៀនមានភាពរលូន។ ជាពិសេស គ្រឹះស្ថានក៏បានបញ្ជ្រាបអំពីអត្ថប្រយោជន៍នៃដើមឈើដែលជាធនធានធម្មជាតិដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ដោយគ្រឹះស្ថានបានផ្ដួចផ្ដើមដាំដើមឈើនៅក្នុងបរិវេណសាលាដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីដឹកនាំសម្រាប់ប្រទេសជាតិនាពេលខាងមុខផងដែរ។
កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងលើកកម្ពស់គុណភាពអប់រំ។ យើងជឿជាក់ថា ការគាំទ្រនេះមិនត្រឹមតែជួយឲ្យសិស្សានុសិស្សនៅសាលាបឋមសិក្សា ត្រពាំងកោះ ទទួលបានបរិស្ថានសិក្សាប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ សហគមន៍នៅទីនោះ ក៏ដូចជាសង្គមជាតិទាំងមូលរបស់យើងឲ្យទទួលបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។