រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC) បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំណើសុំឥណទាន និងព័ត៌មានអតិថិជន ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងទិន្នន័យឱ្យកាន់តែមានភាពសុក្រឹត»។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីបុគ្គលិកនៃនាយកដ្ឋានឥណទានរបស់គ្រឹះស្ថាន និងនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ គឺក្រុមហ៊ុន ១២១ សបភី ឯ.ក (121 Shoppe Co., Ltd.) ។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អគ្គនាយក កែវ សុខា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ។ ក្នុងឱកាសនោះ លោកអគ្គនាយកបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់សិក្ខាកាមឱ្យពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនបានឆាប់រហ័ស និងប្រកបដោយវិជ្ជាជីវៈ។
ជាកិច្ចបញ្ចប់នៃវគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង និងគ្រូឧទ្ទេស បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមគ្រប់រូប ដើម្បីបញ្ជាក់ពីជោគជ័យ និងការបញ្ចប់ការសិក្សា។ ពិធីប្រគល់វិញ្ញាបនបត្របានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងមោទនភាពរួមជាមួយនឹងការថតរូបដើម្បីរក្សាទុកជាអនុស្សាវរីយ៍។
វគ្គបណ្តុះបណ្តាលនេះគឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងការពង្រឹងសមត្ថភាពលើធនធានមនុស្ស និងការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈការតភ្ជាប់ប្រព័ន្ធការងាររវាងគ្រឹះស្ថាន និងដៃគូសហការ យើងជឿជាក់យ៉ាងមុតមាំថា ការផ្តល់សេវាកម្មឥណទាននឹងកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជន។